រោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការ លើទឹកដីស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគលើរោងចក្រដំឡើងរថយន្តនេះឡើង ដែលបង្ហាញពី ជំនឿទុកចិត្តរបស់ក្រុមហ៊ុនលើរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
ឯកឧត្ដមបានលើកឡើងថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។
ឯកឧត្ដមបន្តទៀតថា វត្តមាននៃគម្រោងវិនិយោគនេះ នៅខេត្តកំពង់ស្ពឺ ក៏ជាជោគជ័យនៃគោលនយោបាយពង្រាយរោងចក្រ នៅតាមបណ្តាខេត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ជាក់ស្តែង ក្នុងអំឡុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រមាណ៦០% នៃគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្តាខេត្តនានា ក្រៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ឯកឧត្ដមរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Kia, Ssangyong, Soueast, Dongfeng, Ford, និង Toyota ហើយថ្ងៃនេះម៉ាកយីហោដ៏ល្បីមួយទៀត គឺ ISUZU បានបោះទុនបង្កើតរោងចក្រដំឡើងនៅកម្ពុជា ដែលសបញ្ជាក់ពីជំនឿយ៉ាងមុតមាំពីសក្តានុពលនៃទីផ្សាររថយន្តកម្ពុជា ដែលមានការកើនឡើងជាលំដាប់ ស្របនឹងកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបានបន្ថែមទៀតថា ក្រៅពីរោងចក្រដំឡើងរថយន្ត កម្ពុជាក៏មានការវិនិយោគក្នុងការផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំរថយន្តជាច្រើនផងដែរ ដូចជារោងចក្រផលិតខ្សែភ្លើងក្នុងរថយន្ត កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានានៅក្នុងរថយន្ត។ ជាងនេះទៅទៀត បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ នៅខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគសរុបប្រមាណ ៨៧១លានដុល្លារ ដែលនឹងមិនត្រឹមតែផ្តល់ការងារ ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ទីផ្សារដល់កៅស៊ូកម្ពុជាផងដែរ។
ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ឱ្យឈានឡើងមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ដោយឡែកច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានកំណត់នូវវិស័យអាទិភាពនានា ដែលទទួលបានការលើកទឹកចិត្តវិនិយោគ និងការលើកទឹកចិត្តនានា រួមទាំងការលើកទឹកចិត្តសម្រាប់ការទិញធាតុចូល ផលិតកម្មដែលផលិតក្នុងស្រុក និងការលើកទឹកចិត្ត ចំពោះសកម្មភាពមួយចំនួន ដូចជាការផ្តល់ការបណ្តុះបណ្តាលជំនាញ ដល់កម្មករនិយោជិតខ្មែរ ការផ្តល់ការលើកកម្ពស់សុខុមាលភាព ដល់កម្មករនិយោជិតខ្មែរ តាមរយៈការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកប ដោយផាសុកភាព កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ៕