សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀនជាង៣០គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀនជាង៣០គីឡូ នៅរាជធានីភ្នំពេញ។
ការស្រាវជ្រាវចាប់ខ្លួននេះបានធ្វើឡើង អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ(ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា ,លោកឧត្តមសេនីយ៍ត្រី ជាវ តុលា, លោកវរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ សហការជាមួយកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លឹម ប៊ុនហេង នៅវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យម្នាក់ ឈ្មោះ វី វ៉ាន់នុត ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងបន្តនិតិវិធីឆែកក្នុងបុរីឡាយគង់ហ្គ្រីនហូម ស្ថិតនៅផ្ទះលេខ១០ជី ផ្លូវ៤អេ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកមបូល រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបសម្ថកិច្ចបានចាប់យកភស្តុតាងពីជនសង្ស័យរួមមាន ៖ គ្រឿងញៀន ប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូ ៧៨៨ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម), គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម), សារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណទម្ងន់ ៤៥៣៤ក្រាម។ សរុបគ្រឿងញៀនទាំងអស់ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម) និងថយន្តមួយគ្រឿងម៉ាក High Lander។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លួវច្បាប់៕