កម្ពុជា ជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យ
ភ្នំពេញ៖ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាពិតជាមានមោទកភាពដែលប្រទេសកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ ដែលរហូតមកដល់ពេលនេះបានចំនួន៥ដំណាក់កាលរួចមកហើយ។
ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតាមប្រព័ន្ធអនឡាញពីចម្ងាយសរុបប្រមាណ១៣០នាក់។
ឯកឧត្ដមបានថ្លែងថា «យើងពិតជាមានមោទកភាពដែលប្រទេសកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ ដែលរហូតមកដល់ពេលនេះបានចំនួន៥ដំណាក់កាលរួចមកហើយ សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣»។
ឯកឧត្ដម បានបន្តថា ចំពោះគោលដៅអាទិភាពសំខាន់ៗទាំង៣ កម្ពុជាពិតជាសម្រេចបានលទ្ធផលគួរជាទីមោទន:៖ ១. ការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ២. ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកប ដោយចីរភាព តម្លាភាព និងសមធម៌ និង៣. ការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ៖ សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសក៍។
ឯកឧត្ដម អ៊ិត សំហេង បានបន្តថា ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជាបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលករខ្មែរនៅក្រៅប្រទេសកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានកំណើន៥.៦%។
គួរបញ្ជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏បានចូលរួមគាំទ្រនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងបានគាំទ្រដល់ការចូលរួមអនុវត្តគោលនយោបាយជាតិសំខាន់ៗទៀត រួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (NEP) ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០ផងដែរ ដែលរួមគ្នាផ្តល់នូវក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានៅទសវត្ស៍បន្ទាប់។ អ្វីដែលសំខាន់នោះ គឺការផ្សារភ្ជាប់កម្មវិធីការងារសមរម្យជាមួយនឹងរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ដើម្បីជួយប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលពាក់ព័ន្ធ ៕