មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជួបសំណេះសំណាល និងចែកអំណោយ ដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ជាចំណងដៃសម្រាប់ចូលឆ្នាំខ្មែរ
ភ្នំពេញ៖ បន្ទាប់ពីបានប្រារព្ធពិធីជប់លៀងជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ ជាថ្មីម្តងទៀតនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនទុកជាចំណងដៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងនោះម្នាក់ៗ ទទួលបានអំណោយ៨មុខ រួមមាន៖ ទឹកក្រូចដប១កេស, ភេសជ្ជៈប៉ូវកម្លាំង ១កេស, សាប៊ូម្សៅ ១ថង់, សាប៊ូកក់សក់ ១ដប, សាប៊ូដុសខ្លួន ១ដប, ថ្នាំដុសធ្មេញ ១ដប, ធូបមូស ១ប្រអប់ និងអាវយឺត១ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ញើជូនក្រុមគ្រួសារផងដែរ។
ក្នុងឱកាសជួបជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំងក្រុមគ្រួសារគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាក់ស្តែងជារៀងរាល់ឆ្នាំ នៅគ្រប់ពិធីបុណ្យជាតិ សាសនា ពេលដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតីទទួលខុសត្រូវ លើការថែរក្សា និងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា។
ជាងនេះទៅទៀត នៅពេលខាងមុខដ៏ខ្លីនេះ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភា ដែលធ្វើឲ្យកងកម្លាំងនឹងត្រូវទទួលភារកិច្ច កាន់តែមមាញឹកបន្ថែមមួយកម្រិតទៀត ដូច្នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត លើការងារការពារសុវត្ថិភាព ពង្រឹង សន្ដិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ក៏ដូចជាត្រៀមទទួលអនុវត្តនូវរាល់បទបញ្ជាថ្នាក់លើឲ្យទទួលបានជោគជ័យគ្រប់កាលៈទេសៈទាំងអស់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើថា ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតបានរំដោះជីវិតប្រជាជនកម្ពុជា នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតដ៏ឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយសម្តេចតេជោ ជាស្ថាបនិកនយោបាយ ឈ្នះឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ ហើយសម្តេចជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាត នូវជំងឺឆ្លងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ១៩ បានស្តារនូវស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័ស សង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២ បន្ទាប់ពីថ្ងៃ៧ មករា ១៩៧៩ ធ្វើឲ្យយើងមានឱកាស រៀបចំកម្មវិធីជួបជុំផ្សេងៗ ជាថ្មីឡើងវិញយ៉ាងសប្បាយរីករាយ៕