ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យទីតាំងឈរជើង របស់អង្គភាពវរសេនាតូចលេខ៤១៤ ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ រងការខូចខាតទ្រព្យសម្បត្តិមួយចំនួន
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានករណីភ្លៀងធ្លាក់មួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់ទៅលើទីតាំងបន្ទាយអង្គភាពវរសេនាតូចលេខ៤១៤ ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ស្ថិតនៅភូមិសាស្ត្រភូមិព្រះប្រឡាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់នេះ បានបណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន។
ទ្រព្យសម្បត្តិដែលរងការខូចខាតខាងលើរួមមាន៖ របើកដំបូលក្បឿងអគារស្នាក់នៅដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៥ខ្នង ខូចខាតក្បឿងចំនួន៥១០សន្លឹក និងរបើកកញ្ចក់បង្អួចខូចខាតអស់ចំនួន១៧ផ្ទាំង, របើកដំបូលអគារប្រជុំចំនួន១ខ្នង ខូចខាតស័ង្កសីអស់ចំនួន១៦៨សន្លឹក, របើកដំបូលផ្ទះបាយចំនួន១ខ្នង ខូចខាតអស់ស័ង្កសីចំនួន៤៥សន្លឹក, របើកដំបូលទ្រុងមាន់១ខ្នងទំហំ(៣ម×៤ម) ខូចខាតស្បូវអស់ចំនួន១២០កណ្ដប, បាក់បង្គោលអគ្គិសនីខូចខាតអស់ចំនួន៣ដើម, ដួលរលំដើមស្វាយ ខូចខាតអស់ចំនួន២ដើម និងដើមធ្នង់ចំនួន៥ដើម, ដួលរលំផ្ទះគ្រួសារកងទ័ពចំនួន១ខ្នងទំហំ(៥ម×៦ម) និងសង្កត់លើគោយន្តខូចខាតចំនួន១គ្រឿង ម៉ូតូ១គ្រឿង និងពាងទឹកចំនួន២, របើកដំបូលផ្ទះគ្រួសារកងទ័ពចំនួន១ខ្នង និងដំបូលបន្ទប់អនាម័យចំនួន១ខ្នង ខូចខាតស័ង្កសីអស់ចំនួន៥៥សន្លឹក, របើលដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ខូចខាតអស់ស័ង្កសីចំនួន៧០សន្លឹក។
ក្នុងហេតុការណ៍នេះដែរ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ មន្ត្រីនគរបាល ក៏បានអញ្ជើញចុះត្រួតពិនិត្យទីតាំងកើតហេតុ និងផ្តល់ជំនួយសង្គោះបឋមជូនគ្រួសារកងទ័ពចំនួន២គ្រួសារ និងប្រជាពលរដ្ឋចំនួន២គ្រួសារនូវថវិកាសរុបចំនួន៨៥ម៉ឺនរៀល, អង្ករចំនួន៤០គីឡូក្រាម និងទឹកត្រីចំនួន៤យួរផងដែរ៕