លោកជំទាវ ម៉ាណ ណាវី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះជាបន្តទៀតដើម្បីអនុវត្តនូវសិទ្ធជ្រើសរើសមេដឹកនាំ
ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារបួសជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងខែបួស (រ៉ម៉ាឌន) ស្ថិតនៅម៉ាស្ជិតភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ាណ ណាវី បានមានប្រសាសន៍ថា ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំងដែលបានចូលរួមចំណែកផ្ដល់ជាកញ្ចប់អាហារបួសនាពេលនេះ ហើយជាពិសេសឃើញស្នាមញញឹមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ធ្វើឲ្យខ្ញុំមានទឹកចិត្តបន្តខិតខំប្រឹងប្រែងចូលរួមចំណែកបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានឱកាសស្មើៗគ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀតដើម្បីអនុវត្តនូវសិទ្ធជ្រើសរើសមេដឹកនាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា លោកជំទាវ ម៉ាណ ណាវី តែងតែផ្ដល់ជាកញ្ចប់អាហារបួសជារៀងរាល់ឆ្នាំដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយពុំគិតពីទីកន្លែងអ្វីឡើយ។ ជាក់ស្ដែងនៅក្នុងឆ្នាំនេះក៏នឹងមានការចែកទៅតាមខេត្តមួយចំនួនផងដែរ ៕