ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា-ចៅក្រមស៊ើបសួរ និងអ្នកអនុវត្តច្បាប់ពាក់ព័ន្ធតាមតំបន់គោលដៅ
ខេត្តព្រះសីហនុ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ.២០២៣ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធិបើកកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា-ចៅក្រមស៊ើបសួរ និងអ្នកអនុវត្តច្បាប់ពាក់ព័ន្ធតាមតំបន់គោលដៅ ដែលប្រព្រឹត្តទៅក្រោមកិច្ចសហការនៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា និងកម្មវិធីអាស៊ាន អូស្រ្តាលីប្រឆាំងការជួញដូរមនុស្សប្រចាំកម្ពុជា(ASEAN-ACT)។ កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ រយៈពេល ៣ ថ្ងៃ ដោយចាប់ពីថ្ងៃអង្គារ ទី៤ រហូតដល់ ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមគ្រូបង្គោលនៃកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្ស ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារងតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បី ផ្តល់ចំណេះដឹង និងជំនាញសំខាន់ៗពាក់ព័ន្ធនឹងការចូលរួមរបស់ជនរងគ្រោះធ្វើជាសាក្សី កិច្ចការពារជនរងគ្រោះជាសាក្សី, និងទំនាក់ទំនងរវាងជនរងគ្រោះ និងព្រះរាជអាជ្ញាមុនសវនាការ ដោយមានការចូលរួមធ្វើបទបង្ហាញពីសំណាក់ក្រុមគ្រូបង្គោលនៃកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្ស។