ប្រជាពលរដ្ឋដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃខាងមុខ
ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ នឹង ចូលមកដល់ ជាមួយនេះបានកត់សម្គាល់ឃើញ ថា បងប្អូនប្រជាពលរដ្ឋ ដែលបានទៅបំពេញការងារនៅព្រះរាជាណាចក្រថៃ បានអញ្ជើញ វិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
តាមរបាយការណ៍ពីចំណុចព្រំដែននៃភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ នេះបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៣៣នាក់ ស្រី១៣៤នាក់ ក្មេង៥នាក់ បានអញ្ជើញចាកចេញ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយដែលចំនួននេះនឹងកើនឡើងជាបន្ត បន្ទាប់ នៅតាមចំណុចព្រំដែនជាប់នឹងប្រទេសថៃ។
ពិនិត្យលើទិដ្ឋភាពនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់មន្រ្តីនគរបាលនៅមូលដ្ឋានទាំងនគរបាលវរសេនាតូចការពារព្រំដែនគោក និងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ត្រូវសហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ នៅភូមិសាស្រ្តទទួលខុសត្រូវ រៀបចំការទទួលពួកគាត់ឱ្យបានត្រឹមត្រូវស្របតាមជំនាញនិងការណែនាំដែលបានអនុវត្តនាពេលកន្លងមកហើយជាមួយនេះត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់ ក្នុងការមកដល់និងវិលត្រឡប់ទៅកាន់ លំនៅដ្ឋាន ស្រុកកំណើតរបស់គាត់បានប្រកបដោយសុខសុវត្ថិភាព ៕