CDC និងសមាគមឧកញ៉ាកម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាក្នុងភាពជាដៃគូ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ
ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្ដម សុខ ចិន្តាសោភា បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងធ្វើសកម្មភាពរួមគ្នា ក្នុងភាពជាដៃគូ ជំរុញកំណើនវិនិយោគនៅស្រុក និងទាក់ទាញវិនិយោគបរទេស ដើម្បីកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ឯកឧត្ដម សុខ ចិន្តាសោភា ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្ដមបានថ្លែងថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូថ្មីមួយបន្ថែមទៀត ក្នុងការជួយដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាក់ទាញវិនិយោគិនបរទេស និងពង្រីកកំណើនវិនិយោគនៅកម្ពុជា។
ឯកឧត្ដមបានឱ្យដឹងថា ក្នុងជំនួបដែលធ្វើជាលើកដំបូងនេះ ភាគីទាំងពីរបានពិនិត្យទៅលើកិច្ចការ ដែលត្រូវធ្វើជាមួយគ្នា ក្នុងការផ្តើមជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ។ ហើយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំនូវសេចក្តីព្រាងអនុស្សារណៈ ដែលមានបញ្ជាក់ពីគោលបំណងនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីធ្វើរួមគ្នា ដើម្បីផ្សព្វផ្សាយទាក់ទាញវិនិយោគិន។
ឯកឧត្ដមលើកឡើងថា កន្លងមក CDC បានធ្វើការជាមួយវិស័យឯកជនជាច្រើន ដូចជាសភាពាពិជ្ជកម្មកម្ពុជាជាដើម ប៉ុន្តែកិច្ចការដែលគ្រោងធ្វើជាមួយសមាគមឧកញ៉ា នៅពេលខាងមុខ នឹងមិនជាន់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជានោះទេ ពោលគឺអ្វីដែលត្រូវធ្វើបន្ទាប់ គឺសកម្មភាពដែលដូចគ្នានឹងសភាពាណិជ្ជកម្មឡើយ។
ឯកឧត្ដមថា វត្តមានសមាគមឧកញ៉ាកម្ពុជា មានសារៈសំខាន់ណាស់ ក្នុងការជួយទាក់ទាញវិនិយោគិនបរទេស ព្រោះជាទូទៅអ្នកវិនិយោគពីបរទេស ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា តែងតែជួបជាមួយស្ថាប័នរដ្ឋ ស្ថានទូតរបស់គេ ប៉ុន្តែក្នុងនោះគេក៏ចង់ជួបជាមួយធុរជនក្នុងស្រុកដែរ ដើម្បីស្វែងយល់ ឬសហការគ្នា។
ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា តាម ស.ជ.ណ របស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហេតុនេះបេសកកម្មរបស់សមាគមនេះ នឹងចូលរួមលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោកឧកញ៉ាបន្តថា «ក្នុងជំនួបនេះ ដើម្បីជជែកពិភាក្សាគ្នានៅលើយន្តការ ដែលមានរៀបចំផែនការ ថាតើនៅក្នុងឆ្នាំ២០២៣ យើងនឹងធ្វើអ្វី ហើយឆ្នាំបន្តបន្ទាប់ទៀតយើងនឹងធ្វើអ្វីទៀត ក្នុងគោលបំណង ដើម្បីលើកកម្ពុជាពាណិជ្ជកម្មនិងវិនិយោគ»។
សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ហើយបច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។ ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។
អ្នកទទួលបានគោរមងារឧកញ៉ា ឬអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទាន ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌ ដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក៕