ពិធីដង្ហែព្រះអគ្គិជ័យកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី មានអ្នកចូលរួមប្រមាណ ៣០០នាក់
ភ្នំពេញ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមពិធីដង្ហែហើយ នៅព្រឹកថ្ងៃទី១១ ខែមេសានេះ នៅទីក្រុង Putrajaya ដែលជាទីក្រុងថ្មី នៃប្រទេសម៉ាឡេស៊ី ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។
ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC, លោកជំទាវ Hannah Yeoh Tseow Suan រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី, ឯកឧត្ដម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងថ្នាក់ដឹកនាំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកម៉ាឡេស៊ី មន្ដ្រីទូតបណ្ដាប្រទេសនៅម៉ាឡេស៊ី និស្សិតខ្មែរ និងកីឡាករ-កីឡាការិនីឆ្នើមៗរបស់ម៉ាឡេស៊ីជាច្រើនផងដែរ។
ឆ្លៀតឱកាសនោះ ក្រៅពីថ្លែងអំណរគុណអាជ្ញាធរម៉ាឡេស៊ី សម្រាប់កិច្ចសហការប្រតិបត្តិការរៀបចំពិធីដ៏មានអត្ថន័យនេះ ឯកឧត្ដម ហោ សារុន បានលើកឡើងថា គិតត្រឹមថ្ងៃនេះ នៅសល់ ២៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ពិធីបើកការប្រកួតផ្លូវការកីឡាស៊ីហ្គេម លើកទី៣២ ហើយកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ក៏ដូចជាការត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍ប្រតិភូ អត្តពលិក អ្នកគាំទ្រ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។
បេសកជនពិសេសដដែលបន្ដថា «កម្ពុជាបានផ្ដួចផ្ដើមរៀបចំព្រះរាជពិធីបួងសួងសុំព្រះអគ្គិជ័យកីឡានៅមុខប្រសាទអង្គរវត្ត និងរៀបចំពិធីដង្ហែនេះ ទៅតាមបណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីម័រខាងកើត។ ព្រះអគ្គិជ័យកីឡានេះ គឺជានិមិត្ដរូប នៃថាមពលមិត្តភាព សាមគ្គីភាព និងនិរន្ដរភាព ដែលទាំងអស់នេះ ជាតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ»។
ឯកឧត្ដម ហោ សារុន បន្ថែមថា «នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កីឡារបស់យើងរស់ក្នុងសន្ដិភាព រីកចម្រើនក្នុងសន្ដិភាព និងបង្កើតភាពសុខដុមរមនា និងជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។ ក្រោមម្លប់សន្ដិភាព យើងរួមសាមគ្គីគ្នា ហើយឥលូវនេះ យើងមានមោទនភាព សូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
សូមបញ្ជាក់ថា ក្រោយចាកចេញពីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែកាត់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត មុនបន្ដរៀបចំពិធីដង្ហែនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ ខែមេសានេះ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីដង្ហែព្រឹកនេះ ព្រះអគ្គិជ័យកីឡា គ្រោងនឹងបន្ដដំណើរទៅប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមេសាស្អែកនេះ៕