លោកជំទាវ ពុំ ចន្ទីនី ដឹកនាំគណៈប្រតិភូចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ ពុំ ចន្ទីនី បានប្រគល់ជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នូវលិខិតអបអរសាទររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដែលត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គោរមងារជា «សម្តេចកិត្តិសង្គហបណ្ឌិត» កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
ក្នុងលិខិតអបអរសាទររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា «ការព្រះរាជទាននូវគោរមងារជា សម្តេចកិត្តិសង្គហបណ្ឌិត គឺពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែង និងពិតជាស័ក្តិសមនឹងគុណបំណាច់ របស់ សម្តេចកិត្តិសង្គហបណ្ឌិត ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា រួមចំណែកយ៉ាងសកម្មក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការកែទម្រង់ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ»។
ក្នុងឱកាសដ៏សិរីសួស្តី នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម កិមិរាទេវី សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕