សង្ក្រាន្តស្វាយរៀង ឈានចូលដល់ថ្ងៃទី២នេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្តប្រមាណជាជាង ២សែននាក់
ភ្នំពេញ៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នាសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀងដែលមានទស្សនីយភាពសិល្បះវប្បធម៌ខ្មែរយេីងជាច្រេីនទម្រង់សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងស្ថិតនៅទីតាំងបរិវេណស្តូបរង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោយ៉ាងច្រេីនកុះករផងដែរ។
ទន្ទឹមនោះនៅរសៀលថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត រួមដំណេីដោយឯកឧត្តមអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជេីញទស្សននាស្តង់លក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានានៃខេត្តស្វាយរៀង រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានាផ្សេទៀតដូចជាតំបន់ EDM តំបន់ត្រជាក់ចិត្ត តំបន់លេងល្បែងប្រជាប្រិយជាដេីមជាមួយបងប្អូនប្រជាពលរដ្ឋ។
ដោយឡែកនៅល្ងាចថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណេីរ បានអញ្ជេីញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខសប្បាយនៅមាត់ទន្លេវ៉ៃគោផងដែរ។
សូមជម្រាបជូនផងដែរថា សង្ក្រាន្តស្វាយរៀងឈានចូលដល់ថ្ងៃទី២នេះ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមលេងកម្សាន្តសរុបប្រមាណ ២៧៧.១៨៤នាក់ ៕