ឯកឧត្តម ឈិត សុខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៧ភូមិ ក្នុងឃុំធ្លាប្រជុំ ចំនួន ៣៩៣នាក់
ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអណ្តែត និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំធ្លាប្រជុំ នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ ចត្វាសក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៧ភូមិ ក្នុងឃុំធ្លាប្រជុំ ចំនួន ៣៩៣នាក់ ដែលមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំ ប្រធានគណ:កម្មាធិការគណបក្សស្រុក ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ និងគណ:កម្មាធិការគណបក្សឃុំ នៅស្នាក់ការគណបក្សឃុំ។
បន្ទាប់ពីលោក ប៉ាក់ សុខា ប្រធានគណៈកម្មាធិការបក្សឃុំ បានអានរបាយការណ៍ និងសេចក្តីសម្រេចទទួលស្គាល់សមាជិក សមាជិកាគណបក្សប្រជាជនដែលបានបញ្ចូលថ្មី និងតំណាងសមាជិក សមាជិកាថ្មីបានឡើងប្តេជ្ញាចិត្តរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្ស បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិកាថ្មីត្រូវមានមានបេះដូងស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ ស្មោះត្រង់ចំពោះប្រជាជន និងធ្វើយ៉ាងណាខិតខំរៀនសូត្រ ជួយសង្គម ធ្វើឱ្យខ្លួនក្លាយជាបញ្ញាជន ជាបញ្ញវន្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ និងពិសេសផ្សព្វផ្សាយដល់យុវជនយុវតីទាំងអស់ដែលជាមិត្តភក្តិរបស់ខ្លួន និងបងប្អូនសាច់ញាតិឱ្យយល់ពីតម្លៃនៃសុខសន្តិភាព ព្រមទាំងដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯកដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន និងជាអ្នកបង្រួបបង្រួមជាតិពីសង្រ្គាមឱ្យស្គាល់តែសន្តិភាព ស្គាល់តែការរីកចំរើនជាដើម។ ក្នុងនោះដែរត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា និងជាពិសេសក៏សូមអរគុណដល់ឪពុកម្តាយមារមីងទាំងអស់ ដែលបានគាំទ្រដល់ក្មួយៗ ឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភ ដល់សមាជិក សមាជិកាដែលបានបញ្ចូលថ្មី ៣៩៣នាក់ និងប្រជាការពារ ៣៤នាក់ ក្នុងមួយនាក់ៗទទួលបានថវិកា ១មុឺនរៀល និងអង្ករ ២០គីឡូក្រាម ៕