ឯកឧត្តម ជា សុមេធី ជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាលើកទឹកចិត្ត ដើម្បីថ្លែងអំណរគុណដល់គ្រប់អនុគណៈកម្មការ កងកម្លាំងទាំងបី និងអង្គភាពពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ចជោគជ័យជាទីមោទនៈ នៅអំឡុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២៣
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាលើកទឹកចិត្ត ដើម្បីថ្លែងអំណរគុណដល់គ្រប់អនុគណៈកម្មការ កងកម្លាំងទាំងបី និងអង្គភាពពាក់ព័ន្ធរួមមាន៖ ក្រុមគ្រូពេទ្យ ក៏ដូចជាបងប្អូនកម្មករផ្នែកអនាម័យបរិស្ថាន ក្នុងការបំពេញភារកិច្ចជោគជ័យជាទីមោទនៈ នៅអំឡុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២៣នេះ។
សូមជំរាបថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពពេញផ្ទៃប្រទេស និងភាពសប្បាយរីករាយមាននៅគ្រប់ទីកន្លែង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ និយាយដោយឡែក ខេត្តព្រៃវែង ក៏បានរៀបចំឡើងនៅព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកលេងកម្សាន្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងសូមកោតសសើរ ព្រមទាំងថ្លែងអំណរគុណដល់គ្រប់អនុគណៈកម្មការ កងកម្លាំងទាំងអស់ ក៏ដូចជាមន្ត្រីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសុវត្ថិភាព និងអនាម័យបរិស្ថាន ជូនដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីព្រៃវែង និងនៅតាមមូលដ្ឋានក្នុងខេត្តទាំងមូល។
សូមជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំង ជាពិសេស ប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់ សូមទទួលបានពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យគ្រោះឆ្នាំចាស់ វិនាសសាបសូន្យ ទទួលលាភជ័យក្នុងឆ្នាំថ្មី គ្រប់ៗគ្នា ៕