ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្លែងការអរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមការសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលបានមកលេងកំសាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ បានយ៉ាងល្អប្រសើរ។
ពិធីសំណេះសំណាលប្រារព្ធធ្វើនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្រោយបញ្ចប់ថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ម្សិលមិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លើកឡើងថា៖ ការរៀបចំព្រឹត្តការណ៍សង្ក្រាន្តនៅឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរណ៍បានមកចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ នេះសរបញ្ជាក់ឱ្យឃើញពីគុណតម្លៃនៃសន្តិភាព ដែលបានបង្កលក្ខណៈឱ្យបងប្អូនចូលរួមលេងកំសាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។ មួយទៀតឯកឧត្តម បានរំលឹកពីព្រិត្តការដែលបានកើតឡើងនៅលើពិភពលោក គឺជំងឺកូវីដ-១៩ ដែលបានរាតត្បាតទូទាំងសកលលោក ព្រមទាំងកម្ពុជាផងដែរ ដោយមានការិតត្បិតនូវិធានការយ៉ាងតឹងរឹង សូម្បីតែគ្រួសារត្រូវរក្សាគម្លាត ពិធីបុណ្យទាននានាក៏ត្រូវបានផ្អាក ដែលជាវិធានការទប់ស្កាត់នៃការរីរាលដាលជំងឺកូវីដ-១៩។ តែទោះជាយ៉ាងក៏ដោយ ដោយមានការគិតគូរពីសុខទុក្ខពលរដ្ឋ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះរកគ្រប់មធ្យោយបាយ យកវ៉ាក់សាំងចាក់ជូនពលរដ្ឋទូទាំងប្រទេស ឱ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះ រហូតទទួលបានជោយជ័យផ្លែផ្កាគួជាទីមោទនៈ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពដែនដី ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ទប់ស្កាត់និងប្រឆាំងដាច់ខាតរាល់អំពើដែលនាំទៅដល់ការបង្កអស្ថិរភាពនយោបាយ ជម្លោះជាតិសាសន៍ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល ។ជាមួយគ្នានេះត្រូវអភិវឌ្ឍអង្គភាព ត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានា និងចូលរួមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសដ៏រីករាយស្និទ្ធស្នាលនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកនូវអំណោយ ចែកជូនដល់កងកម្លាំង ដែលចូលរួមទាំងអស់នូវគ្រឿងឧបភោគ បរិភោគ ថវិកា ដែលសរុបជាទឹកប្រាក់ ចំនួនថវិកា ២០១លាន៤៥៣ពាន់រៀល៕