មន្រ្តីជាន់ខ្ពស់អត្តសញ្ញាណកម្ម ណែនាំពីទីតាំងនៃការស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរយពបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះបានធ្វើការណែនាំអំពីការស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន សាមីខ្លួន ឬអាណាព្យាបាល ឬញាតិដែលរស់នៅ ក្នុងផ្ទះជាមួយ អាចមកដាក់ពាក្យស្នើសុំកែតម្រូវ ឬមោឃភាពទិន្នន័យអត្រានុកូលដ្ឋានរបស់ខ្លួន នៅរៀងរាល់ ម៉ោងធ្វើការ នៅទីតាំងដូចខាងក្រោម៖
១-នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េង ហួត បឹងស្នោ)
២-សាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក។
សូមបញ្ជាក់ថា រាល់ការស្នើសុំកែតម្រូវ ឬមោឃភាពសូមភ្ជាប់មកជាមួយនូវសំណុំឯកសារពាក់ព័ន្ធដែលជាកម្មវត្ថុ នៃការស្នើសុំកែតម្រូវ ឬមោឃភាពនោះមកជាមួយផង។
សម្រាប់ព័ត៌មានផ្សេងៗ សូមទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ១ ទល់មុខបុរីប៉េង ហួត បឹងស្នោ ឬទាក់ទងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់សុក្រ តាមរយៈលេខទូរស័ព្ទ ១២៧១/ ០១៧ ៨៩៨ ៩១៥៕