នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក រោង សារឹម មេបញ្ជាការរង និងជាមេបញ្ជាការទិសបីស្រុក តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងអន្តរាគមន៍របស់ទីបញ្ជាការទិស និងផ្នែកសឹករង កំរៀង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកស័ង្កសីជាអំណោយរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និលោកជំទាវ ទៅជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ស្ថិតនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសីដល់តំបន់ប្រតិបត្តិការសឹករង បាត់ដំបងរក្សាទុកដើម្បីចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗមានផ្ទះស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរអាជ្ញាធរមូលដ្ឋានដែនដី និងប្រជាពលរដ្ឋរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា៕