សិក្ខាកាមមួកខៀវកម្ពុជា ២៨នាក់ ហ្វឹកហ្វឺនប្រើប្រាស់ស្ពានដែកចល័ត ត្រៀមបញ្ជូនទៅចូលរួមបេសកកម្ម នៅអាហ្វ្រិកកណ្តាល
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យមើលសិក្ខាកាមទ័ពមួកខៀវកម្ពុជាចំនួន២៨នាក់ កំពុងហ្វឹកហ្វឺនលើជំនាញប្រើប្រាស់ប្រភេទស្ពានដែកTMM ជាប្រភេទស្ពានដែកទំនើបផលិតនៅឆ្នាំ២០២៣នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ឱ្យដឹងថា បំណងនៃការហ្វឹកហ្វឺនប្រើប្រាស់ស្ពានចល័តនេះ បន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ ឱ្យខាងកម្ពុជា ត្រូវបញ្ជូនស្ពានដែកប្រភេទនេះ ទៅក្នុងតំបន់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយសារស្ថានភូមិសាស្ត្រ ជាពិសេសផ្លូវក្នុងតំបន់មានការលំបាកសម្រាប់រថយន្តធ្វើដំណើរឆ្លងកាត់។ ស្ថានភាពផ្លូវមានអូរ ប្រឡាយ មិនអាចរថយន្តធុនតូចធំឆ្លងកាត់បាន ដូច្នេះហើយស្ពានចល័តប្រភេទTMMនេះ នឹងជួយសម្រួលសម្រាប់រថយន្តឆ្លងកាត់បាន ហើយធ្វើការបម្លាស់ទីបានគ្រប់ស្ថានភាពផ្លូវគោកដែលមានអូរ ឬប្រឡាយកាត់ផ្លូវ។
ស្ពានចល័តដឹកដោយរថយន្ត សម្រាប់១រថយន្តមានប្រវែង១០,៥០ ម៉ែត្រមានទទឹងប្រវែង៣,៨០ ម៉ែត្រ ទ្រទម្ងន់បានរហូតដល់២០តោន។
បច្ចុប្បន្នមជ្ឈមណ្ឌលជាតិមានស្ពានដែកចល័តចំនួន៤គ្រឿង មានបប្រវែងសរុបចំនួន៤០ម៉ែត្រ អាចទ្រទម្ងន់រហូតទៅដល់៦០តោន៕