អគារសិក្សា០១ខ្នង ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលជាអំណោយរបស់ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ហ្សង់ ហ្វីលីពប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង លោក លឹម ហុកគាន អ្នកសម្របសម្រួលប្រចាំនៅប្រទេសកម្ពុជា និងសប្បុរសជន មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង០៣បន្ទប់ នៅសាលាបឋមសិក្សាដងអន្ទាក់ ស្ថិតភូមិដងងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកហ្សង់ ហ្វីលីពប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង បានលើកឡើងថា អស់រយៈពេលជាង១២ឆ្នាំមកហើយ ដែលអង្គការសហគមន៍បឹងទន្លេសាប ដំណើរការការងាររបស់ខ្លួនក្នុងការប្រមូលផ្តុំគ្នា ក្នុងគោលបំណងក្រុមធំមួយគឺ ជួយប្រជាជនក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ក្នុងការសាងសង់ និងជុសជុលសាលារៀន។ យើងបានជ្រើសរើសប្រសិទ្ធនាមអង្គការរបស់យើងថា(អង្គការសហគមន៍ បឹងទន្លេសាប) ជាការគោរពដឹងគុណដល់បឹងទន្លេសាបដ៏ធំជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ពួកយើងបឹងទន្លេសាបនេះ គឺជានិម្មិត្តរូបនៃប្រទេសដ៏ស្រស់ត្រកាលរបស់អ្នក។ បឹងទន្លេសាបនេះហើយបានផ្តល់ នូវធនធានមច្ឆាជាតិ ផ្ដល់នូវធនធានទឹកដែលអាចស្រោចស្រពស្រែចំការរបស់អ្នក។ ហើយក៏ជាបឹងដែល តំណាងអោយភោគទ្រព្យយ៉ាងពិតប្រាកដសម្រាប់ ប្រជាជននិងប្រទេសកម្ពុជា។ ពួកយើងសប្បាយចិត្តណាស់ ដែលបានជ្រើសរើសយកនិម្មិតសញ្ញានេះ ដើម្បីចូលរួមក្នុងការជួយអ្នក។
ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីគាំទ្រ និងដោះស្រាយបញ្ហាលទ្ធភាពទទួលបានការអប់រំរបស់សិស្ស ជាពិសេសលើកុមារដែលមានតម្រូវការពិសេស និងក្រុមដែលខ្វះខាត។ គោលនយោបាយនេះក៏ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងអនាម័យ ដូច្នេះមានន័យថាថ្ងៃនេះយើងទទួលបានសមិទ្ធផលដ៏វិសេសវិសាល មិនអាចកាត់ថ្លៃបានដោយសមិទ្ធផលនេះ គឺបានចូលរួមចំណែកដ៏មានសារៈសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិស័យអប់រំ ក៏ដូចជាការ សម្រេចបាននូវគោលដៅសេដ្ឋកិច្ចឆ្នាំ២០៣០។
ឯកឧត្តម ងួន រតនៈ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោក ហ្សង់ ហ្វីលីព ប្រេង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រាទេសបារាំង និងលោក លឹម ហុកគាន អ្នកសម្របសម្រួលប្រចាំនៅប្រទេសកម្ពុជា និងសប្បុរសជនទាំងអស់ដែលផ្តល់នូវការដូឆ្នាំថ្មីនូវអគារសិក្សា និងសមិទ្ធផលមួយចំនួនទៀតសម្រាប់សាលាឋមសិក្សាដងអន្ទាក់នាពេលនេះ និងសូមគោរពជូនពរមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ផងដែរថា សម្រាប់អគារសិក្សា០១ខ្នង០៣បន្ទប់ បណ្ដោយ ៤៥ម៉ែត្រ និងទទឹង ០៩ម៉ែត្រ ប្រក់ក្បឿង ដែលជាអំណោយរបស់លោក ហ្សង់ ហ្វីលីពប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង ចំណាយទឹកប្រាក់អស់ ៥២មុឺនដុល្លារសហរដ្ឋអាមេរិក បានសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ ៕