ឯកឧត្តម ស្វាយ សំអ៊ាង៖ ខេត្តស្ទឹងត្រែងមានទន្លេប្រជុំហូរកាត់ចំនួន៤ ដែលជាប្រភពនៃសក្ដានុពលធនធានធម្មជាតិដ៏សម្បូរបែប
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងមានទន្លេប្រជុំហូរកាត់ចំនួន៤ ដែលជាប្រភពនៃសក្ដានុពលប្រភពធនធានធម្មជាតិដ៏សម្បូរបែប។
ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្ទឹងត្រែង” នៅឯទីស្ដីការគណៈរដ្ឋមន្រ្ដី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្ដមអភិបាលខេត្តបានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតដោយពឹងផ្អែកទៅលើវិស័យកសិកម្ម ការធ្វើស្រែចំការ និងការដាំដុះដំណាំកសិឧស្សាហកម្ម ដំណាំរួមផ្សំ និងការនេសាទជាដើម។ ក្រៅពីវិស័យកសិកម្ម យើងក៏មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម បុគ្គលិក គ្រឹះស្ថាន អង្គភាពផ្នែកឯកជន និងមន្ត្រីសាធារណៈ។
ឯកឧត្តមបន្តថា កំណើនផលិតផលក្នុងស្រុកសរុបប្រជាជនម្នាក់កើនឡើងចំនួន ១,៤២៣ដុល្លារអាមេរិក សម្រាប់ក្នុងឆ្នាំ២០១៨ និងដល់ ១,៥៨៥ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣ និងអត្រាភាពក្រីក្រមានការថយចុះពី២៣% នៅក្នុងឆ្នាំ២០១៨ មកត្រឹម២១% ក្នុងឆ្នាំ២០២៣នេះ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ខេត្តស្ទឹងត្រែងមានផ្ទៃដីធំទូលាយ ដីមានជីវជាតិល្អអំណោយផលទៅដល់ការអនុវត្តវិស័យកសិកម្ម កសិឧស្សាហកម្ម និងសក្ដានុពលខាងផ្នែកទេសចរណ៍ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានទន្លេប្រជុំហូរកាត់ចំនួន៤ ដែលជាប្រភពនៃសក្ដានុពលប្រភពធនធានធម្មជាតិដ៏សម្បូរបែប ដែលជាប្រភពប្រើប្រាស់ទឹក និងធ្វើកសិកម្មតាមមូលដ្ឋានតំបន់អេកូទេសចរណ៍ និងជាទីជម្រកសម្រាប់ការពងកូនរបស់ពូជមេត្រី ជាតំបន់ផ្ដល់ជីវិតនៃជីវៈចម្រុះ និងជាអាងស្ដុកធនធានមច្ឆាជាតិដ៏សំខាន់ផងដែរ៕