អភិបាលរងខេត្តក្រចេះ ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធចំនួន៦ចំណុចសំខាន់ៗ ក្នុងការពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសព្រៃឈើ
ភ្នំពេញ៖ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆាំ្ន២០២៣ និងលើកទិសដៅអនុវត្តបន្ត។ ដោយមានការចូលរួមពី លោក ោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ប្រធានមន្ទីរអង្គភាពពាក់ពន្ធជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចជាខាងក្រោម៖
១. ពិនិត្យសេចក្តីព្រាងរបាយការណ៍
២. ពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម
៣. ពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ជលផល និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់
៤. បញ្ហាផ្សេងៗ។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់តចំពោះការអនុវត្តការងាររបស់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងរដ្ឋបាលក្រុង/ស្រុកទាំង៧ ដែលបានរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ខេត្ត មានភាពរីកចំរើន ព្រមទាំងថែរក្សាសណ្តាប់ធ្នាប់សាធារណះ និងសុខសន្តិភាព បានល្អប្រសើរ ព្រមទាំងត្រូវចូលរួមថែរក្សាឲ្យនូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពេលកន្លងទៅ។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធចំនួន៦ចំណុចសំខាន់ៗដូចខាងក្រោម៖
១-ពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមបណ្តាទីប្រជុំជនក្រុង/ស្រុក ឱ្យបានជាប់ជាប្រចាំ
២-ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
៣-ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេម ឆ្លងកាត់ខេត្ត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខ
៤-ការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ជលផល និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់
៥-ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ
៦-ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង ហើយរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕