គណៈប្រតិភូសភាកម្ពុជា ចូលរួមសន្និសីទសមាជិកសភាពិភពលោកដើម្បីប្រជាជន និងការអភិវឌ្ឍន៍២០២៣ នៅទីក្រុងតូក្យូ
ភ្នំពេញ៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាហិរញ្ញិករបស់សមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍន៍(CAPPD) បានអញ្ជើញចូលរួមសន្និសីទសមាជិកសភាពិភពលោកដើម្បីប្រជាជន និងការអភិវឌ្ឍ(AFPPD) ដែលមានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសនានាប្រមាណជាង៤០ប្រទេស នៅរដ្ឋសភានៃប្រទេសជប៉ុន នាទីក្រុងតូក្យូ ។
សន្និសីទនេះមានរយៈពេល២ថ្ងៃ គឺថ្ងទី២៥ និងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយបានពិភាក្សាទៅលើប្រធានបទធំៗចំនួន៥ ដែលរួមមាន៖ (១)បញ្ហានៃកំណើនប្រជាជន (២)បញ្ហាសិទ្ធិ និងសុខភាពបន្តពូជ និងការទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារ (៣)បញ្ហាយុវជន ភាគលាភប្រជាសាស្រ្ត និងឱកាសការងារ (៤)បញ្ហាសុខភាព និងភាពសកម្មរបស់មនុស្សចាស់ (៥)បណ្តាញសមាជិកសភាក្នុងការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់សន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD25 commitments) និងរបៀបវារៈឆ្នាំ២០៣០ក្នុងបរិបថកូវីដ-១៩។
សូមជម្រាបថា រាល់បញ្ហាប្រឈម និងអនុសាសន៍ដែលលើកឡើងដោយសមាជិកសភាដែលចូលរួមក្នុងសន្និសីទនេះ នឹងដាក់ជូនទៅកិច្ចប្រជុំកំពូលG7 ដែលជប៉ុនធ្វេីជាម្ចាស់ផ្ទះ និងកិច្ចប្រជុំកំពូលG20 នៅប្រទេសឥណ្ឌា ផងដែរ ដើម្បីពិចារណាដោះស្រាយរួមគ្នាក្នុងក្របខណ្ឌប្រទេសជាសមាជិកនិយាយជារួម និងអនុវត្តក្នុងក្របខណ្ឌសភានិយាយដោយឡែក។
ក្នុងនាមជាសមាជិកគណៈប្រតិបត្តិរបស់ AFPPD និងក្នុងនាមលេខាធិការដ្ឋានជាតិ CAPPD លោកជំទាវ ឡោក ខេង បានចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្ត ICPD25 commitments ជាពិសេសបញ្ហាយុវជន និងការឆ្លើយតបរបស់កម្ពុជាក្នុងដាក់ចេញនូវគោលនយោបាយ ច្បាប់ និងយន្តការនៅក្នុងការអនុវត្តអោយមានប្រសិទ្ធិភាព ៕