សម្ដេច ស ខេង ណែនាំឱ្យសិក្ខាកាមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសដែលខ្លួនស្នាក់នៅសិក្សារៀនសូត្រ និងត្រូវមានស្មារតីស្រលាញ់រាប់អាន ចេះជួយយកអាសារគ្នាទៅវិញទៅមក
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់អំពីប្រធានបទសំខាន់ពាក់ព័ន្ធនឹងស្ថានការណ៍ និងស្ថានភាពប្រទេសកម្ពុជា រួមទាំងកិច្ចការសំខាន់ៗរបស់ក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យសិក្ខាកាមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសដែលខ្លួនស្នាក់នៅសិក្សារៀនសូត្រ និងត្រូវមានស្មារតីស្រលាញ់រាប់អាន ចេះជួយយកអាសារគ្នាទៅវិញទៅមកជាមួយសិក្ខាកាម និងជនជាតិដ៏ទៃទៀត រាប់ទាំងជនជាតិនៃប្រទេសដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជាចំនួន២៤១នាក់ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដែលមិនមែនសម្រាប់តែក្របខណ្ឌមន្រ្តីនគរបាលជាតិទេ ប៉ុន្តែមន្រ្តីអនុរក្សពន្ធនាគារ និងមន្រ្តីរាជការស៊ីវិលក៏បានធ្វើឡើងដូចគ្នាដែរ ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការសាលាជាតិរដ្ឋបាលមូលដ្ឋាន។
សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថា សិក្ខាកាមនគរបាលកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនាឱកាសនេះ នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ ៕