ព្រះអគ្គិជ័យកីឡា ធ្វើដំណើរមកដល់ខេត្តចំប៉ាសាក់ ប្រទេសឡាវ និងត្រៀមដង្ហែមកខេត្តស្ទឹងត្រែង នៅព្រឹកស្អែក
ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា បានធ្វើដំណើរពីរដ្ឋធានីវៀងច័ន្ទន៍ ទៅដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ នៃប្រទេសឡាវហើយ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ប្រកបដោយជោគជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ ព្រមទាំងមានការជូនដំណើរ និងទទួលស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមេសា ស្អែកនេះ ក្បួនដង្ហែនឹងចេញពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង ១៥០គីឡូម៉ែត្រ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដោយនឹងមានការទទួលស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ៕