ឯកឧត្តមបណ្ឌិត ពេជ សោភ័ន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព្រះសីហនុ៖ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ដែលបានបញ្ជប់ការសិក្សានៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានអបអរសាទរសិស្ស-និស្សិតវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងនិស្សិតជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យទទួលបានលទ្ធផលដ៏ត្រចេះត្រចង់នាថ្ងៃនេះ គឺស្តែងចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ និងការលះបង់ដ៏ធំធេងរបស់មាតា បិតា អាណាព្យាបាល ទើបអាចសម្រេចបានលទ្ធផលដូចថ្ងៃនេះ។
ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលចាត់ទុកសមត្ថភាព ធនធានមនុស្សផ្នែកបំណិននាសតវត្សរ៍ទី២១ ជាពិសេសផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ សមត្ថភាពប្រែក្លាយចំណេះដឹងទៅជាការអនុវត្តថ្មីៗ ដើម្បីគាំទ្រដល់ការធ្វើអន្តរកម្មសេដ្ឋកិច្ចរបស់ប្រទេសពីការធ្វើពាណិជ្ជកម្មជាលក្ខណៈដោះដូរទំនិញ ទៅជាការធ្វើពាណិជ្ជកម្មផលិតផល និងសេវាកម្មដែលប្រើប្រាស់ចំណេះដឹង និងបច្ចេកវិទ្យាកម្រិតខ្ពស់ និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មទៅជាឧស្សាហកម្មផ្អែកលើពុទ្ធិ និងបំណិននៅត្រឹមឆ្នាំ២០២៥ តាមរយៈការបង្កើតនូវសេដ្ឋកិច្ច ឌីជីថល សំដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងក្របខណ្ឌអន្តរជាតិ ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់គណៈគ្រប់គ្រងវិទ្យាស្ថាន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានចូលរួមបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ ចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រនានេះ ត្រូវយកចំណេះដឹង ជំនាញបំណិនជីវិតយកទៅបម្រើការងារ ទោះបីការងាររដ្ឋ ឬការងារក្រុមហ៊ុនឯកជន ត្រូវមានការទទួលខុសត្រូវ ក្នុងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីអភិវឌ្ឍខ្លួន និងជួយអភិវឌ្ឍដល់សង្គមជាតិ សិស្ស ត្រូវចូលរួមគោរពច្បាប់ចរចរណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាបំផ្លាញអ្វីៗទាំងអស់ដូចជា ខ្លួនយើង គ្រួសារ និងសង្គមជាតិ៕