ឯកឧត្ដម គី ច័ន្ទរំដួល៖ ការចិញ្ចឹមគោយកពូជ សាច់ និងទឹកដោះ កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ
ភ្នំពេញ៖ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញ តម្រង់ទិសរបស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ជាក់ស្តែងវិស័យចិញ្ចឹមគោពូជ គោសាច់ និងគោទឹកដោះនេះ គឺមានការអភិវឌ្ឍន៍និងកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្នានឆ្នាំចុងក្រោយនេះ។
ឯកឧត្ដម គី ច័ន្ទរំដួល បានថ្លែងដូចនេះនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាល័យកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពុងចាម ដើម្បីជំរុញការអភិវឌ្ឍន៍ វិស័យកសិកម្ម បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលពិធីនេះបានរៀបចំឡើងនៅក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោកឧកញ៉ា ស្រី ចន្ធូ ស្ថាបនិកក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក គី ច័ន្ទរំដួល បានឱ្យដឹងទៀតថា ការចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានសាធារណទាំង៣ ជាមួយនិងក្រុមហ៊ុន i7 នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិស័យអប់រំកសិកម្មនៅកម្ពុជា ជាពិសេសនិស្សិតនៅខាងមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ មិនត្រឹមតែទទួលបានចំណេះដឹងចំណេះធ្វើនោះទេ គឺវាបានបង្កប់នូវចំណេះដឹងពីការធ្វើពាណិជ្ចកម្មក្នុងវិស័យចិញ្ចឹមគោនេះទៀតផង។
បន្ថែមពីនេះលោក គី ច័ន្ទរំដួល ក៏បានជំរុញដល់សិស្សានុសិស្ស ដែលនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយនឹងបន្តទៅមហាវិទ្យាល័យ និងនិស្សិតកសិកម្ម ដែលកំពុងសិក្សាទាំងអស់ដែរថា កាសិក្សាក្នុងវិស័យកសិកម្ម វាអាចធ្វើឱ្យនិស្សិតអាចចូលធ្វើការក្នុងវិស័យមុខជំនាញមួយច្បាស់លាស់ និងអាចឱ្យនិស្សិតមានឱកាសបង្កើតជាមុខរបរអាជីវកម្មកសិកម្មដោយខ្លួនឯងផងដែរ។
លោកឧកញ៉ា ស្រី ចន្ធូ បានឱ្យដឹងដែរថា ការអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការបោះជំហានថ្មីមួយទៀត ដើម្បីធ្វើយ៉ាងជួយក្នុងការបណ្តុះបណ្តាល សិស្ស និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាល័យកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពុងចាម ឱ្យមានជំនាញមួយបន្ថែម និងជំនាញពិតប្រាកដ តាមរយៈការជួយដល់និស្សិតបានចូលរួមក្នុងការចុះអនុវត្តន៍ជាក់ស្តែង និងទទួលបានជំនាញមួយពិតប្រាកដ។
លោកឧកញ៉ា ស្រី ចន្ធូ បានឱ្យដឹងការចូលរួមបង្កើននូវធនធានមនុស្សឱ្យមានជំនាញមួយពិតប្រាកដនេះ ក៏ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ផងដែរ ព្រោះបើធនធានមនុស្សខ្លាំងមានប្រសិទ្ធភាពនោះ ប្រទេសរបស់យើងខ្លាំងផងដែរ ហើយ អាយ សេវេន រេនថ៍ ក៏តែងតែសម្រួចនូវជំនាញរបស់ខ្លួន ក្នុងការជួយកិច្ចការចិញ្ចឹមគោយកពូជ សាច់ និងទឹកដោះនេះឱ្យមានប្រសិទ្ធភាពផងដែរ៕