សម្តេចតេជោ ហ៊ុន សែន៖ ៣៣ឆ្នាំមកនេះ ខ្ញុំអត់ដែលឈឺក្បាលសូម្បីបន្តិច ដោយសារបានប្រើកែវភ្នែកសិប្បនិម្មិតរបស់ជប៉ុន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ សម្តេចតេជោមិនដែលឈឺក្បាលទៀតនោះឡើយ ដោយសារតែបានប្រើប្រាស់កែវភ្នែកសិប្បនិម្មិតរបស់ប្រទេសជប៉ុន ផ្ទុយពីពេលដែលមិនទាន់ប្រើប្រាស់កែវភ្នែកនេះ សម្តេចតេជោតែងឈឺក្បាល និងលេបថ្នាំជាប្រចាំ។
ក្នុងឱកាសបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងចំណាយថវិកាជិត ១ពាន់លានដុល្លារអាមេរិក នាថ្ងៃទី១ ខែឧសភា សម្ដេចតេជោ បានបញ្ជាក់ថា «៣៣ឆ្នាំមកនេះ ខ្ញុំអត់ដែលឈឺក្បាលសូម្បីបន្តិច។ នៅមុនពេលដែលខ្ញុំប្រើកែវភ្នែកសិប្បនិម្មិតរបស់ជប៉ុន ខ្ញុំឧស្សាហ៍ឈឺក្បាលជាប្រចាំ រហូតដល់ខ្ញុំដាក់ថ្នាំឈឺក្បាលជាប់ជានិច្ច ប៉ុន្តែពេលដែលខ្ញុំទៅប្រទេសជប៉ុន ខ្ញុំបានទទួលការរៀបចំកែវភ្នែកសិប្បនិម្មិតឱ្យខ្ញុំ តាំងពីពេលនោះមក ខ្ញុំមិនដែលឈឺក្បាលនោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូតជប៉ុន អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ដែលបានស្នើទៅកាន់ប្រទេសជប៉ុន ដើម្បីប្រគល់កែវភ្នែកសិប្បនិម្មិតថ្មីៗ៤គ្រាប់ទៀត ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។
សម្ដេចតេជោបានកោតសរសើរកែវភ្នែកសិប្បនិម្មិតនេះ គឺមានគុណភាពល្អ ប្រើប្រាស់ទៅត្រជាក់ស្រួល ពោលគឺបានធ្វើឱ្យសុខភាពភ្នែក និងអវៈយុវៈក្បាលរបស់សម្ដេចតេជោមានភាពល្អប្រសើរ អាចបំពេញកិច្ចការបានយ៉ាងងាយស្រួលក្នុងរយៈពេលយូរឆ្នាំមកនេះ ។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ជួបគ្រោះថ្នាក់ពិការភ្នែកខាងឆ្វេង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ពេលប្រយុទ្ធក្នុងសង្គ្រាម ដើម្បីរំដោះជាតិមាតុភូមិ គិតមកដល់ពេលនេះ គឺមានរយៈពេល៤៨ឆ្នាំហើយ ៕