ឯកឧត្ដម សក់ សេដ្ឋា គោរពអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” និង “បណ្ឌិត កិត្តិយស ផ្នែកមនុស្សសាស្ត្រ” ពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាន
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ សូមសម្តែងនូវគោរពអបអរសាទរដ៏ស្មោះស្ម័គ្របំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលសម្តេច ទទួលបានគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” និង “បណ្ឌិត កិត្តិយស ផ្នែកមនុស្សសាស្ត្រ” ដោយសាកលវិទ្យាល័យណេហ្គរី ប៉ាដាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅ រមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។
ប្រជាជាតិកម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ដែលសម្តេចតេជោ ទទួលបានបន្ថែមទៀតនូវគោរមងារដ៏ប្រពៃថ្លៃថ្លា និងសក្តិសមបំផុតខាងលើ ដែលបញ្ជាក់ពីការគោរពប្រតិបត្តិ តាមលំអានព្រះពុទ្ធសាសនាដោយទឹកចិត្តសទ្ធាជ្រះថ្លាបរិសុទ្ធមិនអាចកាត់ថ្លៃបាន។ ម្យ៉ាងទៀតការទទួលបាន បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ គឺស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ដែល ផ្តើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្ដេច ក្នុងការដឹកនាំកសាង ការអភិវឌ្ឍន៍សង្គមកម្ពុជាទាំងមូលដោយ មិនខ្លាចនឿយហត់ រហូតទទួលបាននូវសិទ្ធិសេរីភាពយ៉ាងពេញលេញ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយ កំណើនសេដ្ឋកិច្ចរឹងមាំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនឥតឈប់ឈរ តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និង បន្តភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្ដេច នូវព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕