ឯកឧត្តម វ៉ា ថន៖ សមិទ្ធផលវិស័យព្រះពុទ្ធសាសនា រីកដុះដាលដល់ទីជនបទនេះ អាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា សមិទ្ធផលវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលដល់ទីជនបទនេះ គ្រប់ទីកន្លែង អាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ ប៉ុន្តែបើប្រទេសមិនមានសុខ សន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាពជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេស។
មានប្រសាសន៍បែបនេះក្នុងឱកាសដែរ ឯកឧត្តម វ៉ា ថន និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសងព្រះវិហារថ្មី ក្នុងវត្តបទុមរាជាដីដុះ ស្ថិតនៅក្នុងភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលនានាជាច្រើនដែលមានក្នុងទីអារាមនេះ ជាពិសេសនាឱកាសនេះបានរៀបចំពិធីបញ្ចុះបឋមសិលាដើម្បីសាងសង់ព្រះវិហារថ្មីនៅក្នុងវត្តបទុមរាជាដីដុះ ដែលជាសមិទ្ធផលថ្មីមួយថែមទៀតនៅក្នុងវិស័យពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន និងសិក្សារៀនសូត្រព្រះធម៌របស់ព្រះសង្ឃ ព្រមទាំងជាទីកន្លែងស្នាក់អាស្រ័យសម្រាប់កុមារកំព្រារស្នាក់នៅ បន្តជាទីសិក្សារៀនសូត្របន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជាយើងឱ្យ នៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើងទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ហើយបងប្អូនក៏ត្រូវបន្តការគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់សម្តេចតេជោ និងចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ៕