ឯកឧត្តម អ៊ុន ចាន់ដា៖ តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ក្រៅពីនេះវិស័យព្រះពុទ្ធសាសនាក៏តែងតែបានចូលរួមជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។
ថ្លែងក្នុងឱកាសដែរ ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងពិធីបណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី ហៅវត្តអន្លង់រុន ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមអភិបាលខេត្ត បានបន្តថាតាមរយៈ ការតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តការអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឱ្យបានរីកចំរើនទន្ទឹមនឹងការរីកចំរើនរបស់សង្គមជាតិ ជាក់ស្តែង សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បានរីកដុះដាលនៅតាមទីវត្តអារាមនៅទូទាំងប្រទេស ៕