សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។
សម្ដេចបានលើកឡើងបែបនេះក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។
តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួល នូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ៕