ឯកឧត្តម សាយ សំអាល់៖ សុខសន្តិភាព ស្ថេរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានបង្កលក្ខណៈឱ្យក្រសួងបរិស្ថាន សម្រេចបាននូវសមិទ្ធផលជាច្រើន
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា សុខសន្តិភាព ស្ថេរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានបង្កលក្ខណៈឱ្យក្រសួងបរិស្ថាន សម្រេចបាននូវសមិទ្ធផលជាច្រើន។
ឯកឧត្តមបានលើកឡើងបែបនេះក្នុងឱកាសធ្វើបឋកថាស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រី និងសិក្ខាកាមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងបច្ចេកទេសអក្សរសម្ងាត់នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា វៀតណាម ចំនួន ២៣៧នាក់ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ។
ឯកឧត្តមបន្តថា កត្តាសុខសន្តិភាព បានធ្វើអោយប្រជាជនកម្ពុជាងាកចេញពីការពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិ មកប្រកបរបរកសិកម្មបែបប្រពៃណីលក្ខណៈគ្រួសារ មកជាឧស្សាហកម្មពឹងលើគ្រឿងចក្រ និងបញ្ញាសិប្បនិមិត្ត ហើយបានផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន និងការប្រតិបត្តិមេត្រីភាពបរិស្ថាន។
ឯកឧត្តមបន្តថា សច្ចធម៌ប្រវត្តិសាស្ត្រ និងដំណើរកម្ពុជា គឺជាគ្រឹះដែលយើងទាំងអស់គ្នាក្នុងនាមជាកូនខ្មែរ ជាមន្រ្តីរាជការស៊ីវិល ជានគរបាល និងជាកងកម្លាំងគ្រប់ប្រភេទ ត្រូវយល់អោយច្បាស់ថា យើងចេញពីសមុទ្រឈាម គំនរឆ្អឹង និងផេះផង់នៃសង្គ្រាម ដោយសារ «គោលនយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ និងការឯកភាពជាតិពេញលេញ ដែលមិនធ្លាប់មានក្នុងរយៈពេលប្រហែល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រដ៏យូរលង់ របស់ប្រទេសកម្ពុជា ហើយកម្ពុជាកំពុងឆ្ពោះទៅការបើកទំព័រសករាជថ្មី ជាសង្គមស៊ីវិល័យ រដ្ឋរឹងមាំ រស់រវើក ប្រជាជនមានសមត្ថភាព មានការរំពឹងទុកខ្ពស់ជាងមុន ចង់បានបរិស្ថានស្អាត និងបៃតង។ ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន មានបេសកកម្មដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ សម្បត្តិធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន មានវិស័យសំខាន់ចំនួន៥រួមមាន៖
១-អគ្គនាយកដ្ឋានគោលនយោបាយ: ជាអ្នកគូសវាសគោលនយោបាយវិស័យបរិស្ថានអោយស្របទៅនឹង កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាបាលភិបាលដើម្បីរួមចំណែក ដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ។
២-អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ :ជាអ្នកគាំទ្រដល់ដំណើរការប្រព្រឹត្តិរបស់ក្រសួង កសាងរដ្ឋបាលទំនើប ធានានូវការសម្របសម្រួលសម្ភារៈបច្ចេកទេស មធ្យោបាយធ្វើដំណើរ ដល់អគ្គនាយកដ្ឋានផ្សេងៗ។
៣-អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានៈ ជាអ្នកលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការផ្តល់ពូជសត្វ ពូជបន្លែ និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ «នាំចេញនៅនឹងកន្លែង»ជម្រុញអេកូទេសចរណ៍ក្នុងសហគមន៍ «លំនឹងប្រពន្ធ័អេកូឡូស៊ី និងជួយចិញ្ចឹមជីវិតប្រជាជនយើងប្រកបដោយចីរភាព»។
៤-អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ :ជម្រុញការងារកំណត់ព្រំដី ចុះបញ្ជី និងបោះបង្គោលដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ។
៥-អគ្គនាយកនាយកដ្ឋានគាំពារបរិស្ថាន: ពិនិត្យគុណភាពទឹក ដី ខ្យល់ និង ការងារសំរាម ដោយធ្វើការជិតសិទ្ធ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកំណត់សេវាប្រមូល មធ្យោបាយដឹកជញ្ជូន ការគ្រប់គ្រងប្រពន្ធ័ប្រមូលសំរាម ទីលានទុកដាក់សំរាម បង្កលក្ខណៈងាយស្រួលជាមួយ ម្ចាស់អាជីវកម្ម ម្ចាស់សិប្បកម្មកែច្នៃសំនល់គ្រប់ប្រភេទ និងបងប្អូនអេតចាយ ធ្វើយ៉ាងណាកាត់បន្ថយសំនល់អោយបានជាអតិប្បរមា។
៦-អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ផ្សព្វផ្សាយឃោសនាអប់រំ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជម្រុញប្រតិបត្តិមេត្រីភាពបរិស្ថាន តាមរយៈរូបភាព និង វីដេអូ ស្អាត «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រលាញ់ជាតិស្គាល់ទឹកដី»។
នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការដឹងគុណនិងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះកងកម្លាំងគ្រប់ប្រភេទ ពិសេសនគរបាលជាតិ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ប្រកបដោយវីរភាពអង់អាចក្លាហានក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាបង្អែកយ៉ាងរឹងមាំក្នុងការរក្សាឱ្យបាននូវឯករាជ្យ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយរបស់សង្គមជាតិ ជាពិសេសការរៀបចំព្រឹត្តិការជាតិធំៗដូចជា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, ការរៀបចំព្រឹត្តិការណ៍ ASEAN Games និង ASEAN Para Games , និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ និងក៏ដូចជាបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុការពារធនធានធម្មជាតិ សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា៕