ឧត្តមសនីយ៍ឯក ស ថេត លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតដោយកុំអស់សង្ឃឹម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមដំណើរដោយលោកអភិបាលខណ្ឌមានជ័យ លោកលោកស្រីក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាប្រពលរដ្ឋមានជីវភាពទីទ័លចំនួន២០គ្រួសារ នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង២០គ្រួសារខាងលើ ហើយក៏លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតដោយកុំអស់សង្ឃឹម ជាពិសេសប្រឹងប្រែងប្រកបមុខចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពប្រសើរឡើង ជាមួយគ្នានោះក៏ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយតាមមូលដ្ឋានត្រូវ ពិនិត្យដោះស្រាយប្រជាពលរដ្ឋដែលមានជីវភាពលំបាកដោយមិនឱ្យបងប្អូនណាម្នាក់ដាច់បាយស្លាប់នោះទេ ជាក់ស្តែងនៅថ្ងៃនេះលោកបានទទួលព័ត៌មានពីក្រុមការងារថាមានបងប្អូនចំនួន២០គ្រួសារមានជីវភាពលំបាកក៏បានអញ្ជើញមកសំណេះសំណាលផ្ទាល់ជាមួយបងប្អូនហើយពិនិត្យឃើញថាបងប្អូនពិតជាមានជីភាពភាពលំបាកនឹងបាននាំយកអំណោយមួយចំនួនដើម្បីឧបត្ថម្ភជូនបងប្អូនក្នុងការសម្រួលដោះស្រាយជីភាពបងប្អូនបានមួយរយៈផងដែរ។
កិច្ចការងារសប្បុរសនេះគឺក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតែបន្តដោះស្រាយគ្រប់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជាមួយបងប្អូនបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំប្រជាពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនបានបង្កផលប៉ះពាល់ដល់អំពើអសន្តិសុខសង្គម ប៉ះពាល់សង្គមគ្រួសារ ប៉ះពាល់សុខភាព អាយុជីវិតខ្លួនឯង និងក៏ត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីនាំមកសុខសុវត្ថិភាពអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃផងដែរ។
នៅក្នុងឱកាសនោះប្រជាពលរដ្ឋក៏បានថ្លែង អំណរគុណ យ៉ាងជា្រលជ្រៅបំផុតចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនិងបានអញ្ជើញមកសាកសួរសុខទុក្ខពួកគាត់ដល់ខ្នងផ្ទះ ដោយក៏មានចិត្តសន្តោសឧបត្ថម្ភជាអំណោយជូនដល់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូនបងប្អូន២០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ១ការ៉ុង ទឹកសុទ្ធ៣កេស ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ ត្រីខ១យូរ មី១កេស និងថវិកាចំនួន ១០ម៉ឺនរៀល ៕