រដ្ឋបាលខេត្តព្រៃវែង រៀបចំប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ ប៊ុនឡេង តំណាង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ជា សុមេធី អភិបាលនៃគណអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត។
ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានអាន
សារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មព្រះវស្សា របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលបានប្រារព្វឡើងនៅព្រឹកនេះ ស្ថិតក្នុងឱកាសដ៏មហានក្ខតឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ថ្លៃថ្លាគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធព្រមទាំងប្រជានុរាស្ត្រ ទាំងអស់ទូទាំងខេត្តព្រៃវែងទាំងមូល សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទន៍កិច្ច និងអំណរសាទរ ដោយស្មោះអស់ពីដួងចិត្តចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូតាធម៌ និងកត្តវេទិតា យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងវិស័យព្រះពុទ្ធសាសនាអប់រំសិក្សាធិការ សង្គមកិច្ច សុខមាលភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងការងារកិច្ចការការបរទេសបានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់កិត្យានុភាពជាតិ រួមទាំងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាទីស្នេហាលើគ្រប់វិស័យ អោយរឹទ្ធតែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងសូមតេជ្ជៈបារមីទេវតាថែរក្សាមហាស្វេតច្ឆត្រ ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះអង្គព្រះមហាក្សត្រព្រះមហាក្សត្រយ៉ានី សូមជួយប្រោសព្រំបីបាច់ថែរក្សាព្រះករុណាព្រះអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជបញ្ញាញាណ ភ្លឺថ្លាកាយពលសេរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា ៕