ឯកឧត្ដម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោ តែងគិតគូរដល់កម្មករ-និយោជិត និងនិយោជកទាំងអស់
ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ, យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផលនៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវវឌ្ឍនភាពកាន់តែប្រសើរជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្ដមបន្តថា រាជរដ្ឋាភិបាលបៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។
ឯកឧត្ដម ហ៊ុន ម៉ាណែតបញ្ជាក់ថា” ដូច្នេះ សូមវិនិយោគិនបន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពលដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប”៕