ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រះសីហនុ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមដំណើរដោយឯកឧត្តម អនុប្រធាន ស.ស.យ.ក. បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.ក. ខេត្តព្រះសីហនុ។
ពិធីប្រកាសនេះដែរ ក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងសមាជិក សមាជិកា សរុបប្រមាណជាង១៥០ រូប។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ស៊្រុន ស្រ៊ន់ ប្រធានស.ស.យ.ក. ខេត្ត បានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះសីហនុ ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។
ឯកឧត្តមក៏ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានផ្ដល់ជាបរិយាកាស និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មកាធិការកណ្តាលស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រះសីហនុ ។
សូមជម្រាបជូនថាសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រះសីហនុ ចំនួន ៩៦ ត្រូវបានប្រកាសទទួលស្គាល់ ដោយក្នុងនោះ ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ៕