ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យឆ្លងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេដាធិការប្រចាំការ រដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ និងមន្ត្រីពាក់ព័ន្ធផងដែរ។
ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ឱ្យដឹងអំពីប្រវត្តិនៃគោរមងារឧកញ៉ា ដោយឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា យោងតាមសៀវភៅប្រវត្តិសាស្ត្របង្ហាញថា គោរមងារ “ឧកញ៉ា” ត្រូវបានប្រើនៅសម័យអាណានិគមបារាំង ហើយគោរមងារនេះគឺ សំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែលគេនិយមហៅថា “ចតុស្ដម្ភ” ហើយគោរមងារ “ឧកញ៉ា” នាពេលនោះមានដូចជា ឧកញ៉ាយមរាជ ឧកញ៉ាក្រឡាហោម ឧកញ៉ាវាំង និង ឧកញ៉ាចក្រី ជាដើម។
ឯកឧត្តម មានប្រសាសាន៍បន្តថា ដោយផ្អែកតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យប្រទានគោរមងារឧកញ៉ាជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិជាបន្តបន្ទាប់ ដែលមានលក្ខណៈជាការប្រទាននូវគ្រឿងឥស្សរិយយសជាតិ ប៉ុន្តែនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានលិខិតបទដ្ឋានគតិយុត្តសម្រាប់ កំណត់លក្ខណៈសម្បត្តិក្នុងការផ្តល់គោរមងារឧកញ៉ា ការគ្រប់គ្រង ការប្រើប្រាស់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅឡើយទេ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះដំណើរការនៃការរៀបចំសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះ ក្រុមការងារអន្តរក្រសួង បានធ្វើការសិក្សាស្រាវជ្រាវ និងប្រជុំពិភាក្សាគ្នាជាច្រើនលើក ក្នុងនោះក៏បានធ្វើការពិគ្រោះយោបល់សុំធាតុចូលពីក្រសួងព្រះបរមរាជវាំង និងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះមាន ១០ជំពូក និង ២៥មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕