ឯកឧត្ដម វង សូត អញ្ជើញសំណេះសំណាលជាមួយកីឡាករជនមានពិការភាព និងគ្រូបង្វឹក ដែលត្រៀមបើកព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ២០២៣
ភ្នំពេញ៖ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកីឡាករជនមានពិការភាព និងគ្រូបង្វឹក ដែលត្រៀមបើកព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបថា ព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា៖ ប្រទេសប្រុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ហើយក្នុងនោះមានកីឡាករកីឡាការិនីកម្ពុជាយើងចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិយើងផងដែរ ៕