សម្ដេចក្រឡាហោម៖ ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ជាការងារដ៏សំខាន់មួយ ក្នុងផែនការយុទ្ធសាស្ដ្រ នៃរដ្ឋាភិបាលឌិជីថល
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ គឺជាការងារដ៏សំខាន់មួយក្នុងផែនការយុទ្ធសាស្ដ្រ នៃរដ្ឋាភិបាលឌិជីថល ស្របតាមផែនការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ ដោយសម្តេចក្រឡាហោម បានជំរុញបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់បន្តពិនិត្យលើគ្រប់ជំហានដែលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ច៉ត់បំផុត ដែលប្រាកដថាជាផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផលវិជ្ជមានជាអតិបរិមា។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហការីទាំងអស់ បានចូលរួមចំណែកកសាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដើម្បីជំរុញអភិវឌ្ឈន៍ប្រសិទ្ធភាពការងារឱ្យតែល្អឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
សូមបញ្ជាក់ដែរថា ការរៀបចំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ គឺដើម្បីគាំទ្រចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយរដ្ឋាភិបាលឌីជីថលក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់បណ្តាអង្គភាពចំណុះក្រសួងពាក់ព័ន្ធវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមជាមួយការពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិ។ ហើយក៏ជាយន្តការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយថវិកាស្ទួនលើគម្រោងបច្ចេកវិទ្យាឌីជីថលរបស់បណ្តាអង្គភាពចំណុះក្រសួងផងដែរ។
គម្រោងផែនការយុទ្ធសាស្ត្រនេះដែរ គឺផ្តោតលើការផ្តល់សេវាសាធារណៈជាអាទិភាពសំខាន់ៗរួមមាន៖ ការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ (បង្កើតប្រព័ន្ធរួមមួយ), ការងារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក, ការងារគ្រប់គ្រងជនបរទេស, ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ,និងប្រព័ន្ធអាទិភាពផ្សេងទៀតបន្ទាប់ពីធ្វើការសិក្សាលម្អិតជាមួយអង្គភាពជំនាញក្រោមចំណុះក្រសួងមហាផ្ទៃ។