ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ សេចក្តីព្រាងផែនការ យុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ដែរថា ការរៀបចំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ គឺដើម្បីគាំទ្រចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយរដ្ឋាភិបាលឌីជីថលក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់បណ្តាអង្គភាពចំណុះក្រសួងពាក់ព័ន្ធវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមជាមួយការពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិ។ ហើយក៏ជាយន្តការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយថវិកាស្ទួនលើគម្រោងបច្ចេកវិទ្យាឌីជីថលរបស់បណ្តាអង្គភាពចំណុះក្រសួងផងដែរ។
គម្រោងផែនការយុទ្ធសាស្ត្រនេះដែរ គឺផ្តោតលើការផ្តល់សេវាសាធារណៈជាអាទិភាពសំខាន់ៗរួមមាន៖ ការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ (បង្កើតប្រព័ន្ធរួមមួយ), ការងារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក, ការងារគ្រប់គ្រងជនបរទេស, ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ,និងប្រព័ន្ធអាទិភាពផ្សេងទៀតបន្ទាប់ពីធ្វើការសិក្សាលម្អិតជាមួយអង្គភាពជំនាញក្រោមចំណុះក្រសួងមហាផ្ទៃ ៕