អ្នកគ្រូ ផុន រ៉ាស៊ី ជាយុវជនស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បង្ហាញក្ដីរំភើបចិត្ត និងថ្លែងអំណរគុណសម្តេចតេជោ ដែលផ្ដល់ថវិកា ៣ពាន់ដុល្លារ សម្រាប់ទិញម៉ូតូវិញ
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី បានបង្ហាញក្តីរំភើបចិត្ត ចំពោះការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមយុវជនជនស្ម័គ្រទាំងអស់ បន្ទាប់ពីកញ្ញាបានជួបហេតុការណ៍បាត់ម៉ូតូមួយគ្រឿងក្នុងពេលដែលកំពុងបំពេញភារកិច្ចនៅទីតាំងនៃទីលានAZ Group Cricket Oval សម្រាប់ការប្រកួតកីឡាគ្រីឃីត ផ្លូវ៦០ម៉ែត្រ។
ភ្លាមៗបន្ទាប់ពីជួបហេតុការណ៍នោះ នាងបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិនគរបាលចាក់អង្រែក្រោម ហើយបានរៀបរាប់ទៀតថាកងកម្លាំងមានសមត្ថកិច្ចពិតជាធ្វើការសស្រាក់សស្រាំ ស្រាវជ្រាវភ្លាមៗ ជាមួយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនស្ម័គ្រចិត្ត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកគ្រូ ផុន រ៉ាស៊ី បានសរសេររៀបរាប់ថា «នាងខ្ញុំបានទទួលថវិការដែលសម្ដេចពុកបានជួយរួចហើយតាមរយ:លោកពូសេង ទៀង។ នាងខ្ញុំសូមអរគុណសម្ដេចពុក និងជូនពរឲ្យសម្ដេចពុកនិងក្រុមគ្រួសារមានសុខភាពល្អ អាយុយ៉ឺនយូរ មានសុវត្ថិភាពរាល់ការធ្វើដំណើរ និងជោគជ័យគ្រប់ភារកិច្ច។នាងខ្ញុំសូមអរគុណ» ។
សូមជម្រាបផងដែរថា កញ្ញា ផុន រ៉ាស៊ី គឺជាគ្រូបង្រៀនកម្រិតបឋមសិក្សា នៅសាលាបឋមសិក្សាគោកខ្ចក ភូមិគោកខ្ចក ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នាងបានបានដាក់ពាក្យចូលរួមជាយុវជនស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ ហើយធ្វើដំណើរមកពីខេត្តព្រៃវែង មកស្នាក់អាស្រ័យជាមួយបងប្អូនសម្រាប់តែចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះតែប៉ុណ្ណោះ។ នាងបានបញ្ជាក់ថា នាងនឹងត្រឡប់ទៅបំពេញការងារជាគ្រូបង្រៀនវិញបន្ទាប់ពីបេសកកម្មនេះបានបញ្ចប់ ៕