សម្តេច ស ខេង ផ្ញើសារគោរពជូនពរ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសនៃទិវាខួបកំណើត
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសនៃទិវាខួបកំណើត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។
ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្ស រីករាយក្រៃលែង និងសូមគោរព ជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ប្រធានរដ្ឋសភា។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះផងដែរ សម្តេចក្រឡាហោម សូមសម្ដែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្ដេចអគ្គមហាពញាចក្រី ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើនក្នុងវិស័យនីតិកម្ម ដើម្បីបុព្វហេតុនៃការពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាពញាចក្រី ស្ថាប័នរដ្ឋសភាបានបន្តដើរតួនាទីស្នូលយ៉ាងសកម្មក្នុងការរួមចំណែកធានាដល់ស្ថិរភាពជាតិ និងសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួង មហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕