រដ្ឋមន្ត្រីកករសួងកសិកម្ម៖ បណ្តុំអាជីវកម្មបន្លែ ចាំបាច់ត្រូវសិក្សាឱ្យច្បាស់លាស់ពីខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងទីផ្សារ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានបន្តទស្សនកិច្ចបណ្តុំអាជីវកម្មចិញ្ចឹមគោ និងបណ្តុំអាជីវកម្មបន្លែ នៅនៅភូមិព្រួក ឃុំតាបាង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់បណ្តុំអាជីវកម្មចិញ្ចឹមគោឱ្យបន្តធ្វើការជាមួយគ្នា សហការគ្នាល្អ និងត្រូវមានផែនការច្បាស់លាស់ទាំងផលិតកម្ម និងទីផ្សារ ក្នុងការធានាស្ថិរភាពនៃខ្សែច្រវាក់នៃការផ្គត់ផ្គង់និងតម្លៃល្អ ដើម្បីទទួលបានចំណូលទៀងទាត់ មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ទាក់ទងនឹងការងារនេះ ត្រូវយកចិត្តទុកដាក់បន្ថែមលើបច្ចេកទេសចិញ្ចឹម វ៉ាក់សាំង ចំណី ព្រមទាំងពិនិត្យលទ្ធភាពការចិញ្ចឹមគោដាក់ទ្រុង និងបច្ចេកទេសផ្សេងៗ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល ចៀសវាងបំផ្លាញផលដំណាំអ្នកដទៃ។
ចំពោះបណ្តុំអាជីវកម្មបន្លែ គឺចាំបាច់ត្រូវសិក្សាឱ្យច្បាស់លាស់ពីខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងទីផ្សារ ត្រូវមានការសហការគ្នាល្អ បង្កើតបណ្តាញតាំងពីអ្នកផលិតរហូតទីផ្សារ និងការចូលរួមរបស់មន្ទីរក្នុងការសម្របសម្រួលរវាងអ្នកទិញនិងកសិករឱ្យមានដំណើរការរលូន។ ជាមួយគ្នានេះដែរ បណ្តុំអាជីវកម្មបន្លែអាចពិចារណានិងពិនិត្យលទ្ធភាពការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលផ្តល់ទិន្នផលខ្ពស់ ផ្តល់សុខភាព មានសុវត្ថិភាព និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ៕