មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំគម្រោងបង្កើតឧបករណ៍ វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមប្រព័ន្ធវិដេអូសន្និសីទ
ភ្នំពេញ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងថ្នាក់ជាតិនៃបណ្តាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំមន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតរបស់កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំគម្រោងបង្កើតឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន (Asean Smart City Investment Toolkit) ជាមួយទីព្រឹក្សានៃអគ្គលេខាធិកាដ្ឋានអាស៊ាន តាមរយៈប្រព័ន្ធវិដេអូសន្និសីទ។
ក្នុងកិច្ចប្រជុំនេះដែល ក៏មានការអញ្ជើញចូលរួមពីមន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតរបស់កម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរួមមាន៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងថ្នាក់ជាតិនៃបណ្តាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា ក៏បានចូលរួមផ្តល់ធាតុចូល និងបានបង្ហាញទស្សនៈនៃការយល់ឃើញ ព្រមទាំងទស្សនៈវិស័យសំខាន់ៗជាច្រើន ក៏ដូចជាផែនការពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមជាមួយទីព្រឹក្សានៃអគ្គលេខាធិកាដ្ឋានអាស៊ាន សម្រាប់មានជាមូលដ្ឋានដើម្បីដកស្រងបទពិសោធន៍ក្នុងការកសាង និងការរៀបចំគម្រោងបង្កើតឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន (Asean Smart City Investment Toolkit)នេះ។
ជាមួយគ្នានោះដែរ មន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតនៃរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានចូលរួមលើកយកនូវធាតុចូលបន្ថែមដើម្បីផ្តល់ការចូលរួមក្នុងការរៀបចំគម្រោងនេះផងដែរ ដោយក្រុមការការនីមួយបានបង្ហាញពីទស្សនៈ ក៏ដូចជាគម្រោង និងផែនការពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងរៀបចំ និងអនុវត្ត។
សូមជម្រាបជូនផងដែរថា បច្ចុប្បន្នកម្ពុជា មានរាជធានី-ខេត្ត ចំនួន៣ ដែលត្រូវបានជ្រើសរើសជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយរាជធានី-ខេត្តទាំងបីនេះក៏កំពុងមានវឌ្ឍភាពជាបន្តបន្ទាប់ផងដែរ៕