ឯកឧត្តម គួច ចំរើន៖ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនបាន ក៏ដោយសារមានការចូលរួមបរិច្ចាគរបស់សប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ
ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី ស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍ពីការងារសាងសង់ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី នូវព្រះវិហារថ្មី ០១ខ្នង មានបណ្តោយ ១៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្ពស់ ១៦ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿងរចនាបថខ្មែរ និងព្រះពុទ្ធសាសនា បានកសាងរួចរាល់នៅខែមេសា ឆ្នាំ២០២៣ ចំណាយអស់ថវិកាចំនួន ៤៣៧.២០០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះក៏មានការចូលរួមកសាងដោយឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាកកំពង់ផែស្វ័យតក្រុងព្រះសីហនុ សហការី លោកជំទាវ ម៉ិត ចន្ធូ រួមនឹងសប្បុរសជនជិតឆ្ងាយ លោកអាចារ្យ គណកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ហើយបានរៀបចំធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងប្រគេនព្រះសង្ឃសម្រាប់ធ្វើសង្ឃកម្មផ្សេងៗតាមច្បាប់ព្រះវិន័យព្រះពុទ្ធសាសនានៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នាពេលនេះ។ វត្តព្រីងច័ន្ទបារមី ដឹកនាំរបស់ព្រះតេជគុណ ចាន់ សារ៉ា ព្រះវិន័យធរ អនុគណស្រុកព្រៃនប់ និងជាព្រះចៅអធិការវត្ត មានព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា សិក្សារៀនសូត្រ ព្រះវិន័យចំនួន ០៨អង្គ ក្នុងនោះភិក្ខុចំនួន ០៤អង្គ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអបអរសាទរពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តព្រីងច័ន្ទបារមី ស្ថិតនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាឱកាសនេះ វត្តព្រីងច័ន្ទបារមី កសាងក្នុងប្រទេសជាតិមានសន្តិភាព កម្ពុជាបានឆ្លងកាត់អតីតកាលវែងឆ្ងាយ ហើយប្រទេសកម្ពុជាបានឆ្លងកាត់របបដឹកនាំជាច្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន កម្ពុជាបានឆ្លងកាត់សង្គ្រាមរាំរ៉ៃ និងត្រូវបានបញ្ចប់សង្គ្រាមដោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនបាន ក៏ដោយសារមានការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លារបស់សប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្មតាមព្រះវិន័យព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនាតរៀងទៅ។ ព្រះរាជាណាចក្រកម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ វត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយគ្រប់ជ្រុងជ្រោយធ្វើឱ្យប្រទេសជាច្រើននៅជុំវិញពិភពលោក បន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះ គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានបំពាក់គ្រឿង ឥស្សរិយយសជូនសប្បុរសជនដែលបានចូលរួមបរិច្ចាកសាងសង់ព្រះវិហា និងសមិទ្ធផលនានាវត្តព្រីងច័ន្ទបារមីចំនួន ៥៣អង្គ/នាក់។ ព្រមទាំងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនសិស្សានុសិស្សចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច០២ដើម ថវិកា ១ម៉ឺនរៀល យុវជនកាកបាទក្រហម កាយរិទ្ធ (ស.ស.យ.ក) (អ.ម.ត) សនាគមន៍នារីដើម្បីអភិវឌ្ឍសរុប ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល ដូនជី តាជីចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់សរ ១ដុំ ថវិកា ២ម៉ឺនរៀល អ្នកគ្រូ អ្នកគ្រូចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ជូនក្រុមប្រឹក្សាឃុំទាំង៣ (មេភូមិ អនុភូមិ និងសមាជិកភូមិសរុប ៥៧នាក់) ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ជូនគ្រូពេទ្យ ៥០ម៉ឺនរៀល ជូនសាលាស្រុកព្រៃនប់ ១លានរៀល ៕