អគ្គនាយ ក.ប.ប. បង្ហាញឆន្ទៈរៀបចំលិខិតបទដ្ឋានគតិយុត្តមួយ កំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចទិញគ្រឿងស្រវឹងបាននៅកម្ពុជា» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
សិក្ខាសាលាបច្ចេកទេសនេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានា ទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តានុពល ដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការទិញគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។
ឯកឧត្ដម ផាន អូន បានលើកឡើងថា «បញ្ហាជាច្រើនបានលេចចេញឡើង តាមរយៈការបរិភោគគ្រឿងស្រវឹងពីសំណាក់អនីតិជន ដែលរួមមានដូចជាការប៉ះពាល់ដល់សុខភាព និងបង្អាក់ការលូតលាស់នៃខួរក្បាលរបស់ជនដែលបរិភោគគ្រឿងស្រវឹងនោះផងដែរ។ ដោយសារតែផលប៉ះពាល់យ៉ាងច្រើនខាងលើ បទប្បញ្ញត្តិដែលកម្រិតអំពីអាយុស្របច្បាប់ នៃការអាចទិញគ្រឿងស្រវឹង ជាតម្រូវការដ៏ចាំបាច់ក្នុងការការពារដល់យុវជនដែលជាទំពាំងស្នងឬស្សី ព្រមទាំងរក្សានូវនិរន្តភាពនៃការពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ជាតិផងដែរ។ ការកំណត់កម្រិតអាយុក្នុងការទិញគ្រឿងស្រវឹង នឹងក្លាយទៅជាបទប្បញ្ញត្តិយ៉ាងសំខាន់ដែលផ្តល់នូវការការពារជូនដល់ទំពាំងស្នងឬស្សី ពីការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ បទប្បញ្ញត្តិនេះនឹងដើរតួជាឧបករណ៍មួយដែលអាចកាត់បន្ថយ នឹងទប់ស្កាត់អនីតិជនពីការបរិភោគគ្រឿងស្រវឹង ព្រមទាំងធានាឲ្យបានថា អនីតិជន នឹងមិនត្រូវបានផ្តល់សេវាកម្មទាក់ទិននឹងគ្រឿងស្រវឹង ក៏ដូចជាការផ្សាយពាណិជ្ជកម្មទាក់ទាញឲ្យមានការប្រើប្រាស់នូវគ្រឿងស្រវឹងក្នុងវ័យមួយដែលមិនទាន់ស្របច្បាប់»។
ឯកឧត្ដម ផាន អូន ក្នុងនាមអគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឆន្ទៈក្នុងសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ព្រមទាំងសមាគមនានា ដើម្បីស្នើទៅរាជរដ្ឋាភិបាលក្នុងការរៀបចំឲ្យលេចចេញជារូបរាងឡើង នូវលិខិតបទដ្ឋានគតិយុត្តមួយ ដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង។ ការបង្ហាញគោលជំហរនេះ បានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ ហើយបានគាំទ្រយ៉ាងពេញទំហឹង ឲ្យអគ្គនាយកដ្ឋាន ក.ប.ប. ជាស្ថាប័នឈានមុខក្នុងការចាប់ផ្តើមរៀបចំ និងតាក់តែងលិខិតបទដ្ឋានគតិយុត្តមួយដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹងនេះ។
គួររំលឹកផងថា សិក្ខាសាលាបច្ចេកទេសខាងលើត្រូវបានប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយនូវលទ្ធផល នៃការស្រាវជ្រាវលើការកំណត់អាយុស្របច្បាប់អប្បរមា ដែលអាចទិញគ្រឿងបានក្នុងប្រទេសកម្ពុជា ដែលការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A ព្រមទាំងមានការចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងអង្គការជាតិ-អន្តរជាតិ ព្រមទាំងតំណាងរបស់វិស័យឯកជនប្រមាណ ១០០នាក់៕