ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំត្រៀមដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីចំនួន ២ខ្នងនៃ «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា» និង «អគារសាលាយុត្តិធម្មថ្មី»
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីចំនួន ២ខ្នងនៃ «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា» នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារសាលាយុត្តិធម្មថ្មី» ដែលជាទីតាំងបម្រើការថ្មីរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ និងដែលគ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ថ្នាក់ដឹកនាំនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំង លោក លោកស្រី ជាមន្ត្រីរាជការដែលមានការពាក់ព័ន្ធមួយចំនួន ៕