មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ដល់អ្នករត់ម៉ូតូកង់បី ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានបើកវគ្គបណ្ដុះបណ្ដាលបង្កើនការយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ជូនដល់អ្នករត់ម៉ូតូកង់បី និងផាស់អាប់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះអ្នករត់ម៉ូតូកង់បីក្នុងខេត្តបាត់ដំបងនឹងកាន់តែយល់ដឹងបន្ថែមទៀតពីច្បាប់ចរាចរណ៍ ការបើកបរ និងការប្រើប្រាស់ដងផ្លូវ។
លោកបានថ្លែងឱ្យដឹងទៀតថា ការបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកបើកបរ និងអ្នកប្រកបមុខរបររត់ម៉ូតូកង់បីដែលមិនទាន់មានបណ្ណបើកបរពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍បន្ថែមទៀតដល់ពួកគាត់។
បន្ថែមពីនេះលោកប្រធានមន្ទីរសាធារណការ ក៏បានអំពាវនាវដល់អ្នកបើកបរ និងអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕