ឯកឧត្តម សុខ លូ អំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា
ភ្នំពេញ៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«រួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម» ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមសូមអញ្ជើញទៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។
ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្ត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាព បុគ្គលិកក្រុម ហ៊ុនទាំងអស់ដែល បានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះគឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានបន្តថាចំពោះអំណោយទាំងនេះសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ ប្រជា ពលរដ្ឋដែលជួបការលំបាក និងហានិភ័យដោយ គ្រោះ ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋ ដែលកំពុង ជួបការលំ បាកដោយ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិ កាកបាទ ក្រហមអឌ្ឍចន្ទក្រហម។ មូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានបានជួយឱ្យសាខាមាន ធនធានអាចធ្វើប្រតិបត្តិការ មនុស្សធម៌របស់ខ្លួន ដោយពុំមាន ការរើសអើង សំដៅរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាង ភាព ធន់ទៅនឹង គ្រោះមហន្តរាយផ្សេងៗ ការកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់ គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។
ឯកឧត្តម សុខ លូ បន្តទៀតថា ពិធីទទួលថវិកាសប្បុរសធម៌អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្នុងគោលដៅចលនាកៀងគរការ ចូលរួមគាំទ្រពីសប្បុរសជន គ្រប់មជ្ឈដ្ឋានក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ឯកឧត្ត បានថ្លែងអំណរព្រះគុណ និងសូមអរគុណជាអនេកកប្បការ ចំពោះព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្ត បរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងទោះបីជាយើង ពុំបាន ធ្វើការប្រារព្ធពិធី អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក៏ដោយ៕