អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីផ្សព្វផ្សាយឲ្យស្វែងយល់ពីតំបន់អង្គរ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ការស្វែងយល់ និងចូលរួមការពារបរិស្ថាន ក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី -បុគ្គលិក សរុបចំនួន ១០០នាក់។
ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញចំនួន៣សំខាន់ៗ ទី១ ទាក់ទងនឹងដំណើរការអនុវត្តប្រពន្ធ័គ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ, ទី២ ការៀបចំបច្ចុប្បន្នភាពខ្សែទស្សនាប្រាសាទអង្គរវត្ត និងទី៣ កិច្ចការពារព្រៃឈើ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា។
ឯកឧត្តមសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តី-បុគ្គលិក តាមដានស្តាប់នូវមតិ និងបទពិសោធន៍ល្អ ដែលបានលើកឡើង។ បើមានចម្ងល់អាចចោទជាសំណួរទៅកាន់វាគ្មិន ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែរៀបចំសិក្ខាសាលា ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់ ៤ដងក្នុងមួយឆ្នាំ។
អាជ្ញាធរជាតិអប្សរា សូមឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សាការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕